តើអ្វីទៅជាការធានារ៉ាប់រងផ្នែកថែទាំសុខភាព ?

ការធានារ៉ាប់រង ផ្នែកថែទាំសុខភាព សំដៅដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យដៃគូ ប.ស.ស. សេវាបង្ការសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃ ពេលមិនអាចទៅធ្វើការបានដោយសារតែមានជំងឺ ឬគ្រោះថ្នាក់ចៃដន្យណាមួយ និងប្រាក់បំណាច់លំហែមាតុភាព ពេលសម្រាក មុន និងក្រោយពេលសម្រាលកូនរួច។ កម្មករនិយោជិត អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយមិនចាំបាច់បង់ប្រាក់។

ចំណាំ ៖ រាល់ពេលទៅទទួលសេវានៅមន្ទីរពេទ្យដៃគូ ប.ស.ស. លោកអ្នកត្រូវសម្លឹងរកមើលរូបឡូហ្គូ ប.ស.ស. នៅពីមុខមន្ទីរពេទ្យ។

តើនរណាខ្លះ ទទួលបានការធានារ៉ាប់រងផ្នែក ថែទាំសុខភាព?

បុគ្គលិក និងកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជន (បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយ រួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នក បម្រើការងារក្នុងផ្ទះ) ដោយការបង់ភាគទានជាបន្ទុកទាំងស្រុងរបស់និយោជក ឬ ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលអត្រាភាគទានកំណត់ស្មើនឹង ២.៦% នៃ ប្រាក់ឈ្នួលជាប់ភាគទានរបស់កម្មករនិយោជិត។

នីតិវិធីក្នុងការធ្វើប័ណ្ណសមាជិក ប.ស.ស.

និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចចុះបញ្ជីកម្មករ និយោជិត មកក្នុង ប.ស.ស. យ៉ាងយូររយៈពេល ៣ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទ អនុញ្ញាតឱ្យចូលធ្វើការ លើកលែងតែបុគ្គលិក ឬកម្មករនិយោជិតដែលមាន ប័ណ្ណសមាជិក ប.ស.ស. រួចហើយ។

បុគ្គលិក ឬកម្មករនិយោជិត ដើម្បីអាចធ្វើប័ណ្ណ ប.ស.ស. ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

បញ្ជាក់ ៖ ករណីសមាជិក ប.ស.ស. បាត់ ឬខូចប័ណ្ណសមាជិក សាមីខ្លួនត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនជាតិបរទេស ដើម្បីមកស្នើសុំប័ណ្ណសមាជិក ប.ស.ស. ថ្មីដោយផ្ទាល់នៅទីស្នាក់ការ ប.ស.ស. ណាមួយដែលនៅជិតបំផុត។

លោកអ្នកក៏អាចចុះបញ្ជីកម្មករនិយោជិត តាមរយៈប្រព័ន្ធ ចុះបញ្ជិកា ប.ស.ស. (Web Base Application) ដោយលោកអ្នកអាចចូល ទៅកាន់តំណរភ្ជាប់នេះ ៖  (enterprise.nssf.gov.kh)

 

អត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព

  • សេវាព្យាបាលក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅ
  • សេវាសង្រ្គោះបន្ទាន់
  • សេវាព្យាបាលដោយស្អំ និងដោយចលនា
  • សេវាសម្រាលកូន និងសេវាថែទាំមុន និងក្រោយសម្រាល
  • សេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ដ
  • សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព
  • សេវាបង្ការសុខភាព

 

ចំណាំ ៖ សេវានេះមិនត្រូវបានទូទាត់សងវិញចំពោះការប្រើប្រាស់សេវា នៅមូលដ្ឋានសុខាភិបាលឯកជន ឬមន្ទីរពិសោធន៍ឯកជនក្នុង ឬក្រៅ ប្រទេសឡើយ លើកលែងតែមានការអនុញ្ញាតជាមុនពី ប.ស.ស.។

  • ដើម្បីទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃ​ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺ លុះត្រាតែសមាជិក ប.ស.ស. បានអាក់ខានការងារ ចាប់ពី ៨ថ្ងៃឡើងទៅតាមវេជ្ជបញ្ជានៅក្នុងមូលដ្ឋានសុខាភិបាលដែលជា ដៃគូ ប.ស.ស. និងបានបង់ភាគទានចំនួន ២ខែជាប់គ្នា ឬយ៉ាងតិច៦ខែ ក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព និងកំពុងបំពេញការងារ។

 

  • ដើម្បីទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃក្នុងអំឡុងពេលសម្រាកលំហែមាតុភាព ចំនួន ៩០ថ្ងៃ លុះត្រា តែសមាជិក ប.ស.ស. បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច ៩ខែក្នុង អំឡុងពេល ១២ខែចុងក្រោយ គិតមកដល់ខែដែលសម្រាលកូន។

 

ចំណាំ ៖ ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស. សាមីខ្លួនដែលជាអ្នកសម្រាលត្រូវតាមដានសុខភាព ក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ។

  • ប្រាក់វិភាជន៍បូជាសព ផ្នែកថែទាំសុខភាព​កំណត់ស្មើនឹង ២លានរៀល សម្រាប់សិទ្ធិវន្ត ឬអ្នកចាត់ចែងបូជាសពសមាជិក ប.ស.ស. ។

តើសេវា ឬការព្យាបាលអ្វីខ្លះ ដែលមិនត្រូវបានរាប់បញ្ចូល ក្នុងការផ្តល់សេវារបស់ ប.ស.ស. ?

សេវាមួយចំនួន ដែលមិនត្រូវបានរាប់បញ្ចូលក្នុងការធានារ៉ាប់រងរបស់ ប.ស.ស. រួមមាន ៖

  • ការព្យាបាលទាំងឡាយណាដែលមិនគិតថ្លៃដែលមាន ចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ
  • ការថែទាំធ្មេញ (ការសម្អាត ការប៉ះ និងការដាក់ធ្មេញ)
  • ការព្យាបាល និងការវះកាត់ប្តូរភេទ
  • ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ
  • សេវាបង្កកំណើតដោយសិប្បនិម្មិត
  • ការព្យាបាលដោយខ្លួនឯង
  • ការព្យាបាល ឬវះកាត់ដើម្បីកែសម្ផស្ស
  • ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយ កាំរស្មីឡាស៊ែ
  • ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន
  • ការព្យាបាលការអសមត្ថភាពផ្តល់កំណើត
  • ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត
  • ការវះកាត់បេះដូង និងសរសៃឈាមបេះដូង
  • ការលាងឈាម
  • ការត្រួតពិនិត្យសុខភាពទូទៅ

 

ចំណាំ ៖ ករណីសង្គ្រោះបន្ទាន់ គ្រប់សេវាខាងលើត្រូវបានផ្តល់ជូន។

តើការផ្តល់សេវាប្រភេទជំងឺរ៉ាំរ៉ៃ គឺជាអ្វី?

ការផ្តល់សេវាចំពោះជំងឺរ៉ាំរ៉ៃ និងសម្រាកពេទ្យត្រូវធ្វើឡើងតែក្នុងមូលដ្ឋាន សុខាភិបាលសាធារណៈ នឹងត្រូវប្រើប្រាស់ឱសថសារវន្តតែប៉ុណ្ណោះ។

ចំពោះឱសថព្យាបាលក្រៅពីបញ្ជីថ្នាំនៅក្នុងមន្ទីរពេទ្យ អ្នកជំងឺត្រូវ បង់ថ្លៃថ្នាំដោយខ្លួនឯង លើកលែងតែថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើស សម្ពាធឈាម ដែលមិនមាននៅក្នុងមន្ទីរពេទ្យ និងការព្យាបាលជំងឺមហារីក ដោយប្រើសារធាតុគីមីដែលត្រូវទូទាត់តាមសេវាព្យាបាលនីមួយៗ។

ការផ្តល់សេវាចំពោះជំងឺរ៉ាំរ៉ៃ រួមមាន ៖

  • ១- ជំងឺខ្សោយបេះដូង
  • ២- ជំងឺសាច់ដុំបេះដូង
  • ៣- ជំងឺរលាកថ្លើមប្រភេទបេរុំារ៉ៃ
  • ៤- ជំងឺរលាកថ្លើមប្រភេទសេរុំារ៉ៃ
  • ៥- ជំងឺតម្រងនោមរុំារ៉ៃ
  • ៦- ជំងឺក្រិនថ្លើម
  • ៧- ជំងឺសរសៃឈាមក្រហមបេះដូង
  • ៨- ជំងឺវិបត្តិចង្វាក់បេះដូង
  • ៩- ជំងឺក្រិនសរីរាង្គ
  • ១០- ជំងឺវិកលចរិត
  • ១១- ជំងឺលុយពុស
  • ១២- ជំងឺតាឡាសសឺមី

 

លេខផ្តល់ព័ត៌មាន 1286 ឬ 1297

លោកអ្នកអាចហៅមកកាន់លេខ Hotline ទាំងពីរខាងលើបានគ្រប់ពេលពេញ ២៤ម៉ោង រៀងរាល់ថ្ងៃ